ក្រុងហុងកុងៈ ទីក្រុងហុងកុងបានជាប់ចំណាត់ថ្នាក់ប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចខ្លាំងបំផុតទីពីរក្នុងពិភពលោក ដោយបានឡើងពីចំណាត់ថ្នាក់ទីបួននៅឆ្នាំមុន។ នេះបើតាមរបាយការណ៍ស្តីពីការប្រកួតប្រជែងសកលឆ្នាំ ២០១៥ របស់វិទ្យាស្ថានអន្តរជាតិដើម្បីការអភិវឌ្ឍផ្នែកគ្រប់គ្រង (IMD)។
លោក John Tsang លេខាធិការហិរញ្ញវត្ថុបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា៖ «យើងស្វាគមន៍ចំពោះការផ្តល់ចំណាត់ថ្នាក់ខ្ពស់របស់វិទ្យាស្ថាន IMD ដល់ទីក្រុងហុងកុង ក្នុងនាមជាសេដ្ឋកិច្ចដែលមានចំណាត់ថ្នាក់ប្រកួតប្រជែងខ្លាំងបំផុតទីពីរក្នុងពិភពលោក»។
លោក Tsang បានថ្លែងថា៖ «ទីក្រុងហុងកុងមានការប្រកួតប្រជែងខ្ពស់បើប្រៀបធៀបនឹងសេដ្ឋកិច្ចផ្សេងទៀតក្នុងពិភពលោក ជាពិសេសទាក់ទងនឹងប្រសិទ្ធភាពគ្រប់គ្រងនិងប្រសិទ្ធភាពក្រុមហ៊ុនដែលទីក្រុងហុងកុងទទួលបានចំណាត់ថ្នាក់កំពូលនៅទូទាំងពិភពលោក។ ជាថ្មីម្តងទៀត ការទទួលបានចំណាត់ថ្នាក់ល្អនេះបញ្ជាក់ពីសារៈសំខាន់របស់វិស័យសារពើពន្ធរឹងមាំ ប្រព័ន្ធហិរញ្ញវត្ថុរីកចម្រើនខ្លាំង និងបរិយាកាសធុរកិច្ចប្រកបដោយភាពអំណោយផល»។
លោកមានប្រសាសន៍បន្តថា៖ «យើងនឹងបន្តពង្រឹងចំណុចខ្លាំងរបស់គ្រឹះស្ថាននៅទីក្រុងហុងកុង ព្រមទាំងពង្រីកសេដ្ឋកិច្ច ដោយផ្អែកលើមូលដ្ឋាននាំមុខនានា និងព្យាយាមរក្សាតំណែងនាំមុខរបស់យើងក្នុងនាមជាទីក្រុងរីកចម្រើនខ្លាំងមួយរបស់ពិភពលោក»។
យោងតាមរបាយការណ៍ស្តីពីការប្រកួតប្រជែងសកលឆ្នាំ ២០១៥ ដែលបានចេញផ្សាយកាលពីថ្ងៃពុធនេះ ចំណាត់ថ្នាក់របស់ទីក្រុង ហុងកុង បានកើនឡើងដល់ចំណាត់ថ្នាក់ទីពីរក្នុងចំណោមប្រទេសចំនួន៦១៕ People's Daily
ADS HERE !!!