ក្រុងតូក្យូៈ ការលក់រាយក្នុងប្រទេសជប៉ុនបានកើនឡើងទាបជាងការព្យាករនៅខែ មេសា ដោយបង្ហាញពីការចាប់ផ្តើមទាបចំពោះកំណើនសេដ្ឋកិច្ចនៅត្រីមាសទីពីរ ដែលនៅតែបន្តរងឥទ្ធិពលដោយសារការដំឡើងពន្ធលើការលក់កាលពីឆ្នាំមុន។
ទិន្នន័យរបស់រដ្ឋាភិបាលជប៉ុនដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញថា ការលក់បានកើនឡើង ០,៤ ភាគរយធៀបនឹងខែ មីនា នៅពេលដែលការលក់រាយបានធ្លាក់ចុះ ១,៨ ភាគរយ។ ក្រុមសេដ្ឋវិទូបានព្យាករពីកំណើន ១,១ ភាគរយ។ ការលក់បានកើន ៥ភាគរយធៀបនឹងពេលដូចគ្នានៅឆ្នាំមុន នៅពេលការដំឡើងពន្ធលើកដំបូងគិតចាប់ពីឆ្នាំ ១៩៩៧ បានប៉ះពាល់ដល់ការចំណាយ។
លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ កំពុងព្យាយាមរក្សាស្ថានភាពការស្ទុះងើបឡើងវិញពីដំណើរដើរថយក្រោយនៃសេដ្ឋកិច្ចកាលពីឆ្នាំមុន ដែលបានរងផលប៉ះពាល់ដោយសារការដំឡើងពន្ធ។ រដ្ឋាភិបាលជប៉ុនកំពុងពឹងផ្អែកលើក្រុមហ៊ុននានា ដើម្បីដំឡើងប្រាក់ឈ្នួលជំរុញដល់តម្រូវការប្រើប្រាស់ ខណៈក្រុមអ្នកបង្កើតគោលនយោបាយ ត្រៀមខ្លួនចំពោះការដំឡើងពន្ធម្តងទៀត ដែលនឹងត្រូវអនុម័តនៅឆ្នាំ ២០១៧។
លោក Marcel Thieliant សេដ្ឋវិទូប្រចាំក្រុមហ៊ុន Capital Economics បានសរសេរក្នុងរបាយការណ៍មួយថា៖ «មានហេតុផលល្អដែលត្រូវយកចិត្តទុកដាក់អំពីចក្ខុវិស័យចំពោះការចំណាយអតិថិជន»។
លោកបានបន្តថា៖ «កំណើនប្រាក់ឈ្នួល គឺនៅតែមានស្ថានភាពមិនសូវល្អនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ដោយប៉ះពាល់ដល់ការស្ទុះងើបឡើងវិញនៃតម្រូវការប្រើប្រាស់ឯកជន»។
តម្រូវការទំនិញប្រើប្រាស់ជាប់បានយូរ និងមានតម្លៃខ្ពស់ នៅមិនទាន់ស្ទុះងើបឡើងវិញដល់កម្រិតមួយមុនពេលដំឡើងពន្ធនៅឡើយទេ នេះបើយោងតាមក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន។ ក្រសួងនេះនៅតែបន្តរក្សាចក្ខុវិស័យរបស់ខ្លួនថា ការលក់រាយនៅតែមានស្ថានភាពទ្រឹង ដោយនៅតាមតំបន់មួយចំនួនមានកម្រិតទាបនៅឡើយ។
កំណើនសេដ្ឋកិច្ចអាចនឹងធ្លាក់ចុះមកនៅត្រឹម ២,១ ភាគរយ នៃអត្រាប្រចាំឆ្នាំនៅត្រីមាសទីពីរ ធៀបនឹងកំណើន ២,៤ ភាគរយនៅត្រីមាសទីមួយ។ កំណើននៅត្រីមាសទីមួយ ត្រូវបានជំរុញមួយផ្នែកដោយការបង្កើតស្តុក៕ BP
ADS HERE !!!