ក្រុងប៊្រុចសែលៈ សហភាពអឺរ៉ុប និងប្រទេសស្វ៊ីសបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយកាលពីថ្ងៃពុធ ដើម្បីបញ្ចប់ការលាក់ព័ត៌មានសម្ងាត់របស់ប្រជាជនអឺរ៉ុបនៅតាមធនាគារ និងដើម្បីទប់ស្កាត់ពួកគេពីការកាត់បន្ថយប្រាក់ចំណូលដែលមិនបានប្រកាសនៅក្នុងធនាគារស្វ៊ីស។
លោក Pierre Moscovici អគ្គស្នងការសហភាពអឺរ៉ុបផ្នែកបញ្ហាពន្ធបានឲ្យដឹងថា៖ «កិច្ចព្រមព្រៀងនេះ មានទាក់ទងនឹងការប្រឆាំងក្រុមគេចពន្ធ ព្រមទាំងបង្ហាញពីវិធានការមួយទៀតចំពោះការហូតពន្ធកាន់តែស្មើភាពនៅតំបន់អឺរ៉ុប»។
លោក Moscovici បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលនឹងមានសុពលភាពនៅឆ្នាំ ២០១៨ ជាមួយនឹងលោក Jacques de Watteville រដ្ឋលេខាធិការរបស់ប្រទេសស្វ៊ីសទទួលបន្ទុកផ្នែកបញ្ហាហិរញ្ញវត្ថុអន្តរជាតិ និងលោក Janis Reirs រដ្ឋមន្ត្រីហិរញ្ញវត្ថុឡេតូនី ដែលបច្ចុប្បន្ន ប្រទេសនេះកាន់តំណែងជាប្រធានសហភាពអឺរ៉ុប។
លោក Moscovici បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «សហភាពអឺរ៉ុប បានដឹកនាំវិធានការឲ្យមានការផ្លាស់ប្តូរព័ត៌មានដោយស្វ័យប្រវត្តិនេះ ដោយសង្ឃឹមថា ដៃគូអន្តរជាតិរបស់យើងនឹងអនុវត្តតាម»។
លោកបានមានប្រសាសន៍ថា៖ «កិច្ចព្រមព្រៀងនេះគឺជាការបង្ហាញនូវអ្វីដែលថា មហិច្ឆតារបស់សហភាពអឺរ៉ុប និងការប្តេជ្ញាចិត្តអាចសម្រេចទៅបាន»។
មុនចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ លោក De Watteville បានឲ្យដឹងកាលពីថ្ងៃអង្គារថា៖ «ប្រទេសស្វ៊ីស នឹងអនុវត្តវិធានការបោសសម្អាតផ្ទះដ៏ធំមួយ»។
លោកបានបន្តឲ្យដឹងថា កិច្ចព្រមព្រៀងនេះនឹងធ្វើឲ្យទំនាក់ទំនងជាមួយសហភាពអឺរ៉ុបដំណើរការដោយរលូន»។
ក្រោមកិច្ចព្រមព្រៀងនេះសហភាពអឺរ៉ុប និងប្រទេសស្វ៊ីស នឹងផ្លាស់ប្តូរព័ត៌មានដោយស្វ័យប្រវត្តិស្តីពីគណនីធនាគាររបស់ពលរដ្ឋខ្លួន រួមទាំងគណនីធនាគារក្រុមហ៊ុនផងដែរ ដោយចាប់ផ្តើមអនុវត្តនៅឆ្នាំ ២០១៨ ខាងមុខនេះ។
គណៈកម្មាធិការអឺរ៉ុបបានឲ្យដឹងថា៖ «តម្លាភាពថ្មីនេះមិនត្រឹមតែលើកកម្ពស់សមត្ថភាពរបស់ប្រទេសជាសមាជិកដើម្បីតាមដាន និងបង្ក្រាបក្រុមអ្នកគេចពន្ធប៉ុណ្ណោះទេ ថែមទាំងដើរតួនាទីជាអ្នកទប់ស្កាត់ការលាក់បាំងប្រាក់ចំណូល និងទ្រព្យសម្បត្តិនៅបរទេសដើម្បីគេចពន្ធផងដែរ»។
ព័ត៌មានដែលមានរួមទាំងឈ្មោះ អាសយដ្ឋាន លេខអត្តសញ្ញាណពន្ធ ថ្ងៃខែឆ្នាំកំណើត និងសមតុល្យធនាគាររបស់ម្ចាស់គណនីនីមួយៗផងដែរនោះ នឹងត្រូវផ្តល់ឲ្យគ្នាទៅវិញទៅមករៀងរាល់ឆ្នាំ។
មន្ត្រីប្រតិបត្តិសហភាពអឺរ៉ុបនឹងចរចាកិច្ចព្រមព្រៀងស្រដៀងគ្នានេះដែរជាមួយនឹងប្រទេសអង់ដូរ៉ា លិចតិនស្តាញ ម៉ូណាកូ និងសាំងម៉ារ៉ាំង ដែលអាចចុះហត្ថលេខាចុងឆ្នាំនេះ។
សភាស្វ៊ីសត្រូវអនុម័តកិច្ចព្រមព្រៀងនេះ ដែលអាចនឹងត្រូវបញ្ជូនដើម្បីធ្វើប្រជាមតិ។
ក្រោមសម្ពាធពីប្រទេសនៅតំបន់អឺរ៉ុប និងជាពិសេសអាមេរិកដែលបានគំរាមផ្អាកផ្ទេរប្រាក់មួយចំនួនធំ បើធនាគារស្វ៊ីស មិនផ្តល់ព័ត៌មានស្តីពីគណនីរបស់ពលរដ្ឋអាមេរិកនោះ ស្វ៊ីសបាននិងកំពុងចុះហត្ថលេខាចូលរួមកិច្ចព្រមព្រៀងផ្លាស់ប្តូរទិន្នន័យធនាគារដោយស្វ័យប្រវត្តិ ដែលនឹងនាំមកនូវការបញ្ចប់ការលាក់ព័ត៌មានសម្ងាត់ជាយូរមកហើយរបស់ខ្លួន។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បណ្តាប្រទេសនៅតំបន់អឺរ៉ុបក៏បានបង្កើនការប្រយុទ្ធប្រឆាំងនឹងការគេចពន្ធ និងការលួចបន្លំ ដែលបានកាត់បន្ថយប្រាក់រាប់ពាន់លានចេញពីថវិកាជាតិរៀងរាល់ឆ្នាំផងដែរ។
គណៈកម្មាធិការអឺរ៉ុបក៏មានបំណងបង្ក្រាបកិច្ចព្រមព្រៀងស្តីពីពន្ធដ៏ផ្អែមល្អែម ដែលផ្តល់អំណោយផលដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដូចជាកិច្ចព្រមព្រៀងដែលបានប្រឈមនឹងរឿងអាស្រូវ «LuxLeaks» កាលពីឆ្នាំមុន។
ក្រុមហ៊ុនមួយចំនួនក្នុងចំណោមក្រុមហ៊ុនធំៗក្នុងពិភពលោក ដូចជាក្រុមហ៊ុន Pepsi និងក្រុមហ៊ុន Ikea បានរីករាយនឹងអត្រាពន្ធទាបរហូតដល់១ភាគរយ ដោយសារកិច្ចព្រមព្រៀងសម្ងាត់ជាមួយអាជ្ញាធរពន្ធនៅប្រទេសលុចសំបួ៕ BP
ADS HERE !!!