ក្រុងបាងកកៈ លោក Hiroyuki Ishige ប្រធាន និងជានាយកប្រតិបត្តិអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (Jetro) បានមានប្រសាសន៍ថា វិនិយោគិនថៃគប្បីទាញយកផលប្រយោជន៍ពីគោលនយោបាយវិជ្ជមានរបស់រដ្ឋាភិបាលជប៉ុនស្តីពីការវិនិយោគបរទេសតាមរយៈការស្វែងរកឱកាសជាបន្ដនៅប្រទេសជប៉ុន ជាពិសេសក្នុងវិស័យថាមពលកកើតឡើងវិញ។
ក្នុងកិច្ចប្រជុំរបស់ Japan Symposium ដែលជាក្រុមមួយបណ្តុំទីដោយក្រុមហ៊ុនថៃ និងជប៉ុនប្រមាណ២០០ លោក Ishige បានថ្លែងថា៖ «ប្រទេសថៃមានសក្តានុពលវិនិយោគនៅប្រទេសជប៉ុន។សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងព័ត៌មានអភិវឌ្ឃន៍ បានបង្ហាញថា ការវិនិយោគនៅបរទេសរបស់ប្រទេសថៃមានទំហំស្មើនឹង ១០,៦ ពាន់លានដុល្លារនៅឆ្នាំ២០១១ ហើយតួលេខនេះបានកើនឡើងជាបន្តបន្ទាប់ដល់ ១២,៩ពាន់លានដុល្លារនៅឆ្នាំ២០១២»។
រដ្ឋាភិបាលជប៉ុនមានបំណងទាក់ទាញវិនិយោគបរទេសបន្ថែមទៀតដើម្បីជំរុញសេដ្ឋកិច្ច។
ប្រទេសថៃជាប់ចំណាត់ថ្នាក់ក្នុងនាមជាវិនិយោគិនបរទេសធំមួយក្នុងចំណោមវិនិយោគបរទេសធំៗទាំង ១០ នៅជប៉ុនកាលពីឆ្នាំមុន ដោយមានទំហំវិនិយោគចំនួន ១៥៤លានដុល្លារ។
កិច្ចប្រជុំរបស់ក្រុម Japan Symposium ត្រូវបានរៀបចំរួមគ្នាដោយគណៈកម្មាធិការអចិន្រៃ្តយ៍ទទួលបន្ទុកពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគាររបស់ថៃ។
លោក Ishige បានមានប្រសាសន៍ថា រដ្ឋាភិបាលជប៉ុននឹងគាំទ្រវិនិយោគិនបរទេសតាមរយៈការផ្តល់សិទ្ធិពិសេសផ្នែកវិនិយោគ ដូចជា ការកាត់បន្ថយពន្ធលើប្រាក់ចំណូលក្រុមហ៊ុនចំនួន២០ភាគរយ ដែលចាប់ផ្តើមនៅឆ្នាំនេះជាដើម។
រដ្ឋាភិបាលជប៉ុនមានផែនការរៀបចំរចនាសម្ព័ន្ធគោលនយោបាយថាមពលរបស់ខ្លួនឡើងវិញដើម្បីកាត់បន្ថយឥទ្ធិពលរបស់រដ្ឋាភិបាលចំពោះក្រុមហ៊ុនថាមពល និងផ្តល់ឱកាសសម្រាប់វិនិយោគិនឯកជន។
លោក Ishige បានបន្តឲ្យដឹងថា៖ «ការវិនិយោគថៃនៅប្រទេសជប៉ុន រួមមានវិស័យអចលនទ្រព្យ រមណីយដ្ឋាន និងទេសចរណ៍។ ការវិនិយោគរបស់ថៃសំខាន់ៗនៅប្រទេសជប៉ុន គឺវិស័យម្ហូបអាហារ ដោយមានភោជនីយដ្ឋានថៃជាង ១៨០០ កន្លែងនៅជប៉ុន»៕
ADS HERE !!!